ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានថ្លែងថា ដើម្បីទទួលបាន ដំណឹងពិតបាន ត្រូវដឹងប្រភពជាមុនសិន ហើយព័ត៌មានពិតនេះ បានផ្តល់អត្ថប្រយោជន៍ យ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើសេចក្តីសម្រេច។
ថ្លែងក្នុងបទសម្ភាសន៍ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ បានមាន ប្រសាសន៍ថា «ដើម្បីអាចទទួលបានព័ត៌មានពិត ច្បាស់លាស់អាចជឿទុកចិត្តបាន លុះត្រាតែយើងដឹងពីប្រភពជាមុនសិនថា ព័ត៌មាននឹងមកពីណា»។
លោកបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ អាចទទួលបានព័ត៌មានពិត ដែលចេញពីបណ្ដា អ្នក សារព័ត៌មានទាំងឡាយដែលមានវិជ្ជាជីវៈ។លោកថា រាល់ព័ត៌មានទំាងឡាយ មិនត្រូវជឿភ្លាមនោះទេ ត្រូវរកប្រភពជាមុនសិន។
លោក បន្ថែមថា «និយាយរួមក្នុងច្បាប់ដែលយើងរៀនធ្វើកាសែតដំបូងបំផុតគឺប្រភព។ នៅពេលណាដែលយើងឃើញដំណឹងមួយភ្លា មយើងត្រូវរកប្រភពសិន ថាប្រភពមកពីណា? បើសិនគ្មានប្រភពទេ ឬប្រភពច្បាស់លាស់ទេ យើងត្រូវផ្ទៀងផ្ទាត់ជាមួយប្រភពមួយទៀត។ ហ្នឹងដែលយើងហៅថាអក្ខរកម្មសារព័ត៌មាន គឺរបៀបមើលអ្នកកាសែតយ៉ាងម៉េច? មើល ព័ត៌មានធ្វើយ៉ាងម៉េច? មិនមែនទទួលមួយភ្លាមជឿទេ។ ឧទាហរណ៍សូម្បី តែទាល់ តែទទក គាត់ផ្សាយព័ត៌មានមួយភ្លាម គេត្រូវមើលថាគាត់បានដំណឹងមកពីណា? គេត្រូវរៀន មើលប្រភពហ្នឹងជាលក្ខណៈមួយដែលធ្វើឲ្យយើងកំចាត់បានដំណឹងក្លែងបន្លំ ដំណឹងថាចចាមរាម ដែលជាព័ត៌មានមិនពិត ពីព្រោះសំខាន់គ្រាន់កន្លែងនឹង ការស្វែងរកប្រភពដំបូងបំផុតការផ្ទៀងផ្ទាត់ប្រភព គឺជាការសំខាន់ដើម្បីយើង អាចធានាថាដំណឹងវាច្បាស់លាស់»។
សូមបញ្ជាក់ថា កន្លងមកនេះក្រសួងព័ត៌មាន បានចេញវិធានការនានាជាច្រើន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយឬព័ត៌មានមិនពិត ដើម្បីកុំឲ្យបង្កផលប៉ៈពាល់ដល់សង្គម។ ក្នុងវិធានការនេះ ក្រសួងក៏បានឈានទៅលុបអាជ្ញាបណ្ណនិងអ្នកសារព័ត៌មានមួយចំនួន ដែលផ្សាយបំផ្លើសពីការពិតគ្មានមូលដ្ឋានច្បាស់លាស់៕ E B